គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រារព្ធទិវាអូឡាំពិក ឬ Olympic Day ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងសិស្សានុសិស្សប្រមាណ ៣០០នាក់ចូលរួម ។
ទិវាដើម្បីរំលឹកដល់ការរស់ឡើងវិញ នៃចលនាអូឡាំពិកសម័យទំនើបនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឲ្យយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ ចូលរួមចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី(AYG) ឆ្នាំ២០២៩ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា ទិវាអូឡាំពិកឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ «រួមគ្នាធ្វើចលនា និងអបអរសាទរទាំងអស់គ្នា-Let’s Move and Celebrate» ដែលជាឱកាសដ៏ពិសេសសម្រាប់ចលនាអូឡាំពិកទូទាំងពិភពលោក ក្នុងការរៀបចំ ដើម្បីអបអរសាទរជាសកល មុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដែលជាជាយុគសម័យថ្មីនៃការធ្វើបរិវត្តកម្មកីឡាអូឡាំពិក ក្នុងការបង្កើនឱកាសកាន់តែច្រើនដល់អត្តពលិកជាយុវជន ហើយក៏ជាព្រឹត្តិការណ៍អូឡាំពិកដំបូង ដែលធានាបាននូវសមភាពយេនឌ័រពេញលេញ ដោយមានចំនួនស្មើគ្នាសម្រាប់អត្តពលិកចូលរួមជាស្រ្តី និងបុរស។
តាមរយៈនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បន្ថែមថា បានអំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ ត្រូវចូលរួមចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់ ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ឆ្នាំនេះ ទិវាអូឡាំពិក ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីបង្ហាញឲ្យយុវជនបានមើលឃើញពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា ក៏ដូចជាចលនាអូឡាំពិក ក្នុងមូលដ្ឋាន ដែលបានបន្សល់នូវអនុស្សាវរីយ៍ និងសមិទ្ធផលជោគជ័យជាប្រវត្តិសាស្ដ្រ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី កាលពីឆ្នាំ២០២៣ ។
ជាមួយគ្នា យុវជន សុខុម មេត្ដា សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ជាស៊ី ចម្រើនរដ្ឋ បានសម្ដែងការសប្បាយចិត្ត ដែលបានចូលរួមកម្មវិធីដ៏មានអត្ថន័យនេះ ធ្វើឲ្យខ្លួនទទួលបានចំណេះដឹងល្អៗជាច្រើន ពីទស្សនៈអូឡាំពិក ពិសេសអត្ថប្រយោជន៍នៃការលេងកីឡា ។ តាមរយៈនេះ មេត្ដា បានលើកទឹកចិត្តដល់យុវជនទាំងអស់ ក្រោយទំនេរពីការសិក្សា គួរឆ្លៀតពេលលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ។
គួរដឹងថា បន្ទាប់ពីទទួលបានជោគជ័យក្នុងទិវាអូឡាំពិកឆ្នាំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យថ្នាក់ដឹកនាំចលនាអូឡាំពិកកម្ពុជា ពិនិត្យលទ្ធភាពដើម្បីជំរុញការរៀបចំកម្មវិធីប្រចាំឆ្នាំនេះឲ្យកាន់តែធំថែមទៀត ឬអាចពង្រីកការរៀបចំទៅតាមបណ្ដាខេត្តនានា នៅឆ្នាំក្រោយៗទៀត ៕