ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា (ករណីពិសេស) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ។
“ការប្រកាសបញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជា (ករណីពិសេស) នាពេលនេះសរុប ចំនួន ១៣២នាក់ ដែលសមាជិក សុទ្ធសឹងតែជាសកម្មជនដែលធ្លាប់មាននិន្នាការនយោបាយផ្សេងៗកន្លងមក ពិសេសជាអតីតគណបក្សភ្លើងទៀន គណបក្សសង្គ្រោះជាតិ និងគណបក្សដទៃទៀត”។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាព ចូលរួមថែរក្សាស្ថិរភាពនយោបាយ និងបន្តការអភិវឌ្ឍ ព្រមទាំងបដិសេធ គំនិតនយោបាយ ជ្រុលនិយម ដែលនាំប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល សារជាថ្មីម្តងទៀត។
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែប្រកាន់យកនយោបាយ បង្រួបបង្រួមជាតិ ឯកភាពជាតិ ដោយមិនបោះបង់ចោលបុគ្គល ឬគណបក្សនយោបាយ ឬក្រុមណាមួយនោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការគោរព ស្រលាញ់ និងមានឧត្តមគតិ ការពារផលប្រយោជន៍ជាតិជាចម្បង។ ជាក់ស្ដែង ពួកខ្មែរក្រហម ក្រោយពេលដែលផ្ដាច់ខ្លួនចេញ ពីមេដឹកនាំបាតដៃប្រឡាក់ឈាម សុទ្ធតែបានមកចូលរួមក្នុងសង្គមជាតិដោយស្មើសិទ្ធិ ស្មើភាព តាមរយៈអនុវត្តនយោបាយឈ្នះ ឈ្នះ ក្នុងគោលដៅធានាសាមគ្គីភាព ឯកភាពជាតិ រក្សាបាននូវសុខសន្តិភាព និងការអភវឌ្ឍយូរអង្វែងតទៅ៕