ខេត្តសៀមរាប៖ គ្រាន់តែទទួលបាននូវព័ត៌មានអំពីការបញ្ជាក់របស់លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប ពីប្រវត្តិដីរបស់លោក គង់ មង្គល ហាក់បំភ័ណ្ឌភ្នែកមហាជន និងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងមហាជន ស្នើដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត ជាពិសេសអាជ្ញាធរទន្លេសាប ពិនិត្យឡើងវិញដើម្បីរក្សាដែនព្រៃលិចទឹក ជាជម្រកត្រីពងកូននៅរដូវវស្សា នៅតំបន់ខ្លះនៃសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
មតិមហាជន និងអ្នកវិភាគយល់ឃើញថា លោក គង់ មង្គល ជាប្រធានសហគមន៍ជ្រាវ និងប្រធានសហគមន៍បឹងពារាំង ហាក់កំពុងប្រព្រឹត្តអំពើមិនស្មោះត្រង់ ឃុបឃិតគ្នាជាប្រព័ន្ធ កុហកថ្នាក់ដឹកនាំ ហើយយកដីដែលរដ្ឋាភិបាលសម្រេចឱ្យអាជ្ញាធរថ្នាក់ក្រោមវាស់ចែកជូនប្រជាជនមាតុភូមិនិវត្តន៍មកពីជំរុំ ក្នុងមួយគ្រួសារកន្លះហិកតា ដើម្បីដាំដុះអាស្រ័យផលនោះ មកឈូសឆាយទុកជាប្រយោជន៍ផ្ទាល់ខ្លួន។
ហេតុដូច្នេះហើយ គឺពលរដ្ឋ និងមហាជនខ្លាចបាត់បង់នូវព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូនជាបន្តទៅមុខទៀត ស្នើសុំដល់រាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ក៏ដូចជាក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធ មេត្តាជួយដាក់ការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន ដើម្បីធានាបានការថែរក្សាការពារដីព្រៃលិចទឹកឲ្យមានប្រសិទ្ធភាពផង ដើម្បីជាប្រយោជន៍ដល់សង្គម ស្របទៅតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល៕
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFN ចេញផ្សាយនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ មានសំណេរថា៖ “លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ដីក្នុងភូមិសាស្ត្រទំនប់៧៨ តំបន់២ពេលបច្ចុប្បន្ននេះ ដែលមួយផ្នែកធំជារបស់ពលរដ្ឋក្នុងសង្កាត់ និងមួយផ្នែកជារបស់លោកគង់ មង្គល ពីដើមឡើយគឺជាវាលស្រែល្ហល្ហេវ។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលសម្រេចអោយអាជ្ញាធរថ្នាក់ក្រោមវាស់ចែកជូនប្រជាជនមាតុភូមិនិវត្តន៍មកពីជំរុំ ក្នុងមួយគ្រួសារកន្លះហិកតាដាំដុះអាស្រ័យផល។ តែដោយតំបន់នោះខ្វះខាតទឹកស្រោចស្រព្វ ពលរដ្ឋមួយចំនួនក៏ទុកចោលចេញទៅរកស៊ីនៅតំបន់ផ្សេងធ្វើអោយមានព្រៃដុះវិញខ្លះៗ។ លោកបន្តថាស្របពេល នោះលោក គង់ មង្គល ជាប្រធានសហគមន៍ជ្រាវផង និងប្រធានសហគមន៍បឹងពារាំង ក៏បានប្រមូលទិញដើម្បីអោយសមាជិកក្នុងសហគមន៍ធ្វើស្រែបន្ត។ លុះឆ្នាំ២០១១រដ្ឋាភិបាលបានបង្កើតអាជ្ញាធរបឹងទន្លេសាប ហើយឃើញដីខាងលើមានព្រៃខ្លះៗ ក៏សម្រេចកាត់ឆ្វៀលដីទាំងនេះទៅជាតំបន់៣ ដើម្បីរក្សាព្រៃជាជម្រកត្រីពងនិងកូន។
លោកចៅសង្កាត់ បានបន្ថែមថា ដីខាងលើជាប្រភេទដីស្រែសម្រាប់អាស្រ័យផលដំណាំស្រូវរបស់ពលរដ្ឋតាំងពីយូរលង់ ហើយពុំមែនជាព្រៃដែលចាំបាច់ត្រូវរក្សាទុកអាជ្ញាធរក្រុង ខេត្ត ជាមួយមន្ទីរពាក់ព័ន្ធបានធ្វើការជួបប្រជុំជាច្រើនដង សុំការអនុញ្ញាត កាត់ឆ្វៀលមកជាតំបន់២ដើម្បីផ្តល់ជូនពលរដ្ឋអាស្រ័យផលដូចដើមវិញ។
លោកបញ្ជាក់ទៀតថា ជាមួយគ្នានេះនៅ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចេញអនុក្រិត្យលេខ៨៨អនក្រ.បកចុះថ្ងៃទី២ខែឧសភាឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប។
លោកចៅសង្កាត់បញ្ជាក់ថា យោងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ទាំងពលរដ្ឋ ទាំងលោកគង់ មង្គល មានសិទ្ធិគ្រប់គ្រាន់ក្នុងការកែសម្រួលផ្ទៃដីរបស់ខ្លួន ដើម្បីអាស្រ័យផល អីចឹងទេ សូមអ្នកសារព័ត៌មានជាតិគ្រប់ស្ថាប័ន ជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រឡំតទៅទៀត។
ជុំវិញករណីខាងលើនេះដែរ លោក គង់ មង្គល ដែលជាម្ចាស់ដីស្របច្បាប់ក៏បានបញ្ជាក់ផងដែរថា ដីរបស់លោកគឺមានប្រវត្តិដូចលោកចៅសង្កាត់បញ្ជាក់យ៉ាងដូច្នេះ។ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រិត្យកាត់ឆ្វៀលពីតំបន់៣ មកជាតំបន់២ដល់ពលរដ្ឋ រូបលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែប្រែផ្ទៃដី ដើម្បីអាស្រ័យផលដូចពលរដ្ឋដទៃទៀតដែរ។
លោក គង់ មង្គល បញ្ជាក់ថា ដីរបស់លោកមានគណ:កម្មការចម្រុះចុះវាស់វែងផ្តល់អោយត្រឹមត្រូវពុំមែនរូបលោកដើរចង្អុរយកនោះឡើយ។ អីចឹងទេសូមស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកសារព័ត៌មាន មេត្តាពិនិត្យឯកសារ និងអនុក្រិត្យអោយបានច្បាស់ ចៀសវាងការបរិយាយ ប៉ះពាល់ដល់កិត្តិយស និងសិទ្ធិអ្នកដទៃ ។”
អង្គភាពយើងផ្សព្វផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា គ្មានចេតនាញុះញង់ណាមួយឡើយ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជាប្រយោជន៍ដល់សង្គម ស្របទៅតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល៕
ទំនាក់ទំនងព័ត៌មាន៖ 0715157598 / 0762223227