ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ព្រមទាំងមានការអញ្ជើញរួមដោយប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត រួមនឹងអនុសាខា ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះអគ្គីភ័យឆេះផ្ទះលក់សំលៀកបំពាក់មួយកន្លែង បណ្ដាលមកពីទូរសេរខ្សែភ្លើង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងឱកាសដល់មហាក្រៀមក្រំនោះដែរ លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងក្តីអាណិតអាសូរជាទីបំផុត។
លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។
ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៥ នាទីព្រឹក មានគ្រោះអគ្គីភ័យបានឆេះផ្ទះលក់សំលៀកបំពាក់មួយកន្លែង និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ ស្ថិតនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អំណោយដែលសាខាខេត្ត បានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ឃីត១កញ្ចប់,សម្ភារៈផ្ទះបាយ១ឈុត ,និងថវិកា ចំនួន៦០ម៉ឺនរៀល ។
អំណោយដែលអនុសាខាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់តាខ្មៅ និងសមាគមមិត្តដើម្បីមិត្ត បានផ្ដល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ,និងថវិកា ចំនួន៦០ម៉ឺនរៀល ។