ខេត្តកំពង់ស្ពឺ៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ណេត សំណាង ដេញថ្លៃបានគម្រោង “សាងសង់ផ្លូវបេតុងអាម៉េប្រវែង៣២៧ម៉ែត្រ នៅឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ” តម្លៃប៉ាន់ស្មាន៖ ២៨០,៥០៣,២០០៛ តម្លៃដេញចុះបាន៖ ២៣៩,៨៣០,០០០៛ គឺដេញចុះត្រឹម ១៤,៥១ ភាគរយប៉ុណ្ណោះ ដែលនាំឱ្យមហាជន និងប្រជាជនក្នុងមូលដ្ឋានគ្រាន់តែឃើញពីលទ្ធផលនេះភ្លាម បានសម្តែងនូវការខកចិត្តចំពោះអាជ្ញាធរក្នុងការចាត់ចែងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំខាងលើនេះ និងស្នើសុំពិនិត្យឡើងវិញ។
ប្រជាជន និងមហាជនយល់ឃើញថា កិច្ចប្រជុំដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំស្តុក នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ប្រាកដជាមានការប្រពឹត្តអំពើពុករលួយ ដូចជាការនិយាយគ្នាជាមុនជាដើម នាំឱ្យការដេញថ្លៃគ្មានភាពសុក្រឹត្យ យុត្តិធម៌ បណ្តាលឱ្យខាតបង់ប្រាក់សម្រាបអភិវឌ្ឍន៍ឃុំសង្កាត់បន្តទៅមុខទៀត ព្រោះភាពជាក់ស្តែង ក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ណេត សំណាង ដេញគម្រោងចុះត្រឹម ១៤,៥១ ភាគរយប៉ុណ្ណោះ ដែលក្រុមការងារព័ត៌មានក៏បានសង្កេតឃើញថា មានការនិយាយចរចារគ្នា មុននឹងចូលរួមដេញគម្រោង ដើម្បីដេញថ្លៃទម្លាក់តែបន្តិច គឺយកចំណេញថវិការដ្ឋជាច្រើនចូលក្នុងហោប៉ៅ ចែកគ្នាចាយយ៉ាងរំភើយ។
ប្រជាជនក្នុងមូលដ្ឋាន និងមហាជន សង្ឃឹមថាលោក ចិន សាម៉េត នាយកទីចាត់ការ និងផែនការវិនិយោគខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នឹងពិនិត្យឡើងវិញពីភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឱ្យមានតម្លាភាព ប្រសិទ្ធភាព និងមិនបាត់បង់ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំបន្តទៅទៀត ជាពិសេសនោះ អ្នកវិភាគ ស្នើឱ្យឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតចំពោះការសង្ស័យថាជាអំពើខុសច្បាប់ដែលបានកើតមានខាងលើនេះផង។
អង្គភាពយើងរង់ចាំព័ត៌មានគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខ 0715157598