ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិន នាពេលនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយដែលការធ្វើនេះ គឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើន សមត្ថភាពកងទាំងពីរឱ្យ កាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការប្រយុទ្ធប្រឆាំង ភេរវកម្មតាមលំហរសមុទ្រ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់នេះ គឺបានធ្វើឡើង ក្នុងពិធីបិទសមយុទ្ធជើងទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរ សមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ដែលចាប់ជំរឹតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា «សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ដែរមិនមានការគំរាមកំហែង ដល់ប្រទេសណាឡើយ»។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់ការណែនាំ មួយចំនួនដល់នាវឹកកម្ពុជា-ចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់ សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញជាពិសេសបច្ចេកវិទ្យាយោធាដែលមានការវិវត្តយ៉ាងលឿន នាពេលបច្ចុប្បន្ននេះ។ ត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងការធ្វើសមយុទ្ធជើងទឹក នាគមាសឆ្នាំ២០២៤ លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ មួយវិញទៀតត្រូវបន្តលើកកម្ពស់សាមគ្គីភាពមិត្តភាព និង សហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកង ទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ។
នៅក្នុងឱកាសបិទសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង គណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ និងក្រុមការងារដឹកនាំសមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំរៀបចំ និងដឹកនាំសមយុទ្ធកងទ័ពជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ មូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តន៍ តាម តួនាទីភារកិច្ចក្នុងពេលសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ដែលធ្វើឱ្យ សមយុទ្ធ ជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១ ទទួលបានជោគជ័យ និងធានាបានសុវត្ថិ ភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរផែនដីគ្រប់ លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ដែលបានសហការ និងបង្កលក្ខណៈគ្រប់បែបយ៉ាងដែលធ្វើឱ្យសមយុទ្ធ នាគមាសឆ្នាំ២០២៤ សម្រេចបានជោគជ័យតាមកម្មវិធីផងដែរ៕