ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា។
ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកម្លាំង ស្របតាមទិសស្លោកដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ឬជាចំហរក្ដីថាមានករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង។
ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេតនិងការផ្លាស់ប្ដូរបទពិសោធន៍ ពីព្រោះបញ្ហាគ្រឿងញៀនគឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរមានគោលដៅរួមដូចគ្នា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀន បានប្រមាណ ៣តោន ថយចុះជាង ៨០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧ មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកំណត់យកការងារអាទិភាពចំនួន៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខតាមបណ្ដាព្រំដែនគោក និងទឹក៕ ប្រភព៖ MOI TV News