ខេត្តកំពត៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត “រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអត្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើឱ្យខុសពីលក្ខណៈបច្ចេកទេស ឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ” បន្ទាប់ពីមានការចេញផ្សាយតាមរយៈសារព័ត៌មាន ពីភាពមិនប្រក្រតីចំពោះដំណើរការលទ្ធកម្មមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ក្នុងខេត្តកំពត ព្រមទាំងការស្នើសុំជួយអត្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយលោកមេឃុំ និងចៅសង្កាត់មួយចំនួននៅក្នុងខេត្តកំពត សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការអនុវត្តគម្រោងឆ្នាំ២០២៣ និងឆ្នាំ ២០២៤ខុសពីឆ្នាំ២០២២កន្លងមក ចំណុចខុសទាំងនោះពួកគាត់និយាយថា៖ កាលពីឆ្នាំ២០២២ ឃុំមានសិទ្ធិប្រកាស់ដាក់សំណើរដេញថ្លៃបិទប្រកាសនៅសាលាឃុំរយៈពេល១៤ថ្ងៃ និងធ្វើការប្រកាស់ទៅតាមគេហទំព័រ (គជអប) របស់ក្រសួងមហាផ្ទៃ ជាហេតុនាំអោយមានក្រុមហ៊ុនមកពីបណ្តារាជធានីខេត្តជាច្រើន បានមានឱកាសស្មើៗគ្នា ដោយក្រុមហ៊ុនបានចូលរួមដាក់សំណើរដេញថ្លៃនៅក្នុងសាលាឃុំ/សង្កាត់ មានក្រុមហ៊ុនជាច្រើនបានដាក់សំណើរ និងមានតម្លៃចុះតាមលទ្ធភាពជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗចនិងមានប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាច្រើនបានចូលរួមសង្កេតការណ៍ផងដែរ។
ប៉ុន្តែចាប់ពីឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤នេះ ការអនុវត្តន៍គម្រោងមូលនិធិឃុំសង្កាត់ត្រូវធ្វើតាមបទបញ្ជាពីថ្នាក់លើ ក្រុមហ៊ុនដែលបានចុះបញ្ជីជាអ្នកទទួលការទាំង១៥ក្នុងខេត្តកំពត ជាការរៀបចំរបស់នាយកទីចាត់ការផែនការនិងវិនិយោគ ដោយបដិសេធចោលក្រុមហ៊ុនដែលមានសមត្ថភាពអនុវត្តន៍គម្រោង និងធ្វើការប្រកួតប្រជែងដោយស្មើភាព ត្រូវបានគេទម្លាក់ចោលទាំងអយុត្តិធម៌ ជាហេតុនាំអោយមាន១៨ក្រុមហ៊ុនដាក់ ពាក្យស្នើសុំធ្វើការតវ៉ាទៅក្រសួងមហាផ្ទៃ ទាមទាររកយុត្តិធម៌ និងស្នើឱ្យមានឈ្មោះជាអ្នកទទួលការក្នុងឆ្នាំ២០២៤ឡើងវិញ។