អភិបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលើទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ចំពោះបុគ្គលណាឬក៏បងប្អូនប្រជាពលរដ្ឋក៏ដោយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ ព្រៃលិចទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងចម្រុះ បន្តចុះសំណេះសំណាល នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកា ទៅចែកផ្តល់ជូនកម្លាំងចម្រុះ កំពុងឈរជើងការពារតំបន់ព្រៃលិចទឹក ចំនួន០៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ដីតំបន់ព្រៃលិចទឹកនៅទីនេះ ត្រូវបានចុះលក្ខណៈជាប្រព័ន្ធជាដីរបស់រដ្ឋហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ សូមកុំបន្តចូលកាប់ទន្ទ្រានបន្តទៀត បើមិនដូច្នេះទេ នឹងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។ ហើយបើសិនបងប្អូនពលរដ្ឋ គ្មានដីពិតប្រាកដនោះ សូមរាយការណ៍មករដ្ឋបាលខេត្ត នឹងរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត អាជ្ញាធរស្រុក មេឃុំ មេភូមិ បានផ្សព្វផ្សាយជាហូហែរហូតមក ដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានតំបន់ព្រៃលិចទឹកនេះ នឹងប្រឈមនឹងផ្លូវច្បាប់។ ជាពិសេសសូមអ្នកពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយដល់បងប្អូនយើងបន្តទៀតផងដែរ។

លោកបណ្ឌិត ជាម ច័ន្តងសោភ័ណ បានបញ្ជាក់ថា «ដីតំបន់ព្រៃលិចទឹក ជាដីរដ្ឋ ជាសម្បត្តិធម្មជាតិរបស់រដ្ឋ ជាតំបន់ត្រីពង ហើយផលប្រយោជន៍គឺមិនមានបានទៅអ្នកណាទេ គឺបានទៅបងប្អូនប្រជានេសាទ និងបងប្អូនដែល រស់នៅតំបន់នេះឯង។ ដូច្នេះសូមបងប្អូនយើងបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលខុសច្បាប់ និងប៉ះពាល់ដល់តំបន់នេះ»។

សូមជម្រាបថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានខ្នះខ្នែងរៀបចំកម្លាំងចម្រុះ តែងតែចុះសំណេះសំណាលដោយផ្ទាល់ ដោយឧបត្ថម្ភទាំងថវិកា និងសម្ភារដើម្បីកម្លាំងឈរជើងនៅតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រ ស្រុកក្រូចឆ្មារនេះ បន្ទាប់ពីមានមេខ្យល់ និងបងប្អូនពលរដ្ឋចូលកាប់ទន្ទ្រានដីនៅតំបន់នេះ៕

   

You missed