មន្រ្ដីជំនាញក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងទទួលបញ្ចំម៉ូតូ ០២ទីតាំង ដកហូតម៉ូតូចំនួន ជាង៥០០គ្រឿង និងឃាត់ខ្លួនមនុស្សបាន៧នាក់

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធនៅទីតាំងទទួលបញ្ចាំចំនួន០២ទីតាំងនៅតំបន់ឃ្លាំងរំសេវ ដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់ ដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ។

ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រានៃក្រសួងមហាផ្ទៃបានធ្វើឡើងនៅទីតាំងឃ្លាំងលេខ៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និង ទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ កងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោកបានចុះឡោមព័ទ្ធ ចុះបង្ក្រាប់ទីតាំងទទួលបញ្ចាំចំនួនពីទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង ៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្តតាមនីតិវិធី។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចក៏បានធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា ម៉ូតូដែលខ្លួនកាប់ប្លន់បាន យកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្ដុំឃ្លាំងរំសេវ។

ក្រោយមកកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះយកមកបញ្ចាំចំនួនពីទីតាំង។

សូមបញ្ជាក់ផងដែរនៅក្នុងប្រតិបត្តិការនេះទីតាំងទីមួយដែលស្ថិតនៅទីតាំងឃ្លាំងលេខ៥ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៩២គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវចំនួន៨គ្រឿង និងគ្មានឯកសារចំនួន៨៤គ្រឿង។ ចំណែកទីតាំងទី០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរនិងសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃ្លុំបេ ទីតាំងទទួលបញ្ចាំនោះសិន ដោយរងចាំអនុវត្តតាមនីតិវិធីបន្ត៕

You missed