តម្លៃដីក្រុងអរិយក្សត្រកំពុងត្រូវប៉ាន់ សកម្មភាពលុប បឹងបារាជ និង បឹងស្វាយជ្រុំ ជាបឹងធម្មជាតិដ៏ធំល្វឹងល្វើយកើតមានឡើងជាបន្តបន្ទាប់ ដោយមានការបូមខ្សាច់ចាក់បំពេញបឹងធម្មជាតិដ៏ធំល្វឹងល្វើយនេះជារៀងរាល់ថ្ងៃ ដែលប្រជាពលរដ្ឋបានផ្តល់មកព័ត៌មានគេហទំព័រកណ្តាលហតញូស៍ឱ្យដឹងថា ទីតាំងបឹងនេះជាប្រភពទឹកសម្រាប់បង្ករបង្កើនផល ប្រកបរបរនេសាទ និងជាឃ្លាំងសម្រាប់ផ្ទុកលំហូរទឹកក្នុងមូលដ្ឋានការពារជំនន់ មហាជនស្នើឱ្យអាជ្ញាធរមូលដ្ឋានក្រុងអរិយក្សត្រ ជាពិសេសលោក ចាត់ តារា អភិបាលក្រុង ពិចារណាចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្វាយជ្រុំ សម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ ការចាក់លុបបឹងបារាជ ដែលជាបឹងធម្មជាតិ ដែលពួកគាត់បានអាស្រ័យផលតាមរយៈការធ្វើស្រែចម្ការ និងការនេសាទ ព្រមទាំងជាឃ្លាំងសម្រាប់ផ្ទុកលំហូរទឹកក្នុងមូលដ្ឋានការពារជំនន់ កន្លងមក។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នៃសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល មិនត្រូវបានឲ្យដឹងថា តើនរណាជាអ្នកមានអំណាចក្នុងការចាក់ខ្សាច់លុបបឹងធម្មជាតិនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋបានត្រឹមតែដើរសួរគ្នាឯង មិនដឹងថាអ្នកមានអំណាចទឹកលុយជានរណានោះទេ ដែលទទួលបានសិទ្ធិក្នុងការលុបបឹងនេះ។
មហាជនហាក់អស់សង្ឃឹមលើអាជ្ញាធរមូលដ្ឋាន ដូច្នេះមានតែសង្ឃឹមថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នឹងពិចារណាអំពីផលប៉ះពាល់នៃការលុបបឹងធម្មជាតិ ដែលនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានពឹងផ្អែកមុខរបរលើបឹងធម្មជាតិដ៏ធំល្វឹងល្វៃនេះ សម្រាប់ជាប្រភពទឹក បង្ករបង្កើនផល និង របរនេសាទ និងការពារទឹកជំនន់។ ក្នុងនោះផងដែរ ពលរដ្ឋសំណូមពរដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមបើកការស៊ើបអង្កេត ចំពោះការចេញច្បាប់អនុញ្ញាតឱ្យលុបបឹងធម្មជាតិខាងលើនេះផង។
អង្គភាពកណ្តាលហតញូស៍ រង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ អង្គភាពយើងចេញផ្សាយក្នុងន័យស្ថាបនាដើម្បីសង្គមជាតិ មិនមានចេតនាញុះញង់ណាមួយឡើយ។
ចេញផ្សាយថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៤ | ដោយ៖ សុខហេង | ទំនាក់ទំនងព័ត៌មាន៖ 0715157598