ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅឃុំពុកឫស្សីបានឲ្យដឹងថា រណ្តៅដីខ្នាតយក្ស ជ្រៅដល់ក្បាលប្រេត របស់លោកអ៊ុក រដ្ឋា ស្ថិតនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលសង្ស័យគ្មានច្បាប់ទម្លាប់ហើយជាពិសេសគឺកំពុងបង្កហានិភ័យយ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាអ្វី ដែលកំពុងកើតមាន ឡើងដល់រំខានដល់ជីវភាពរស់នៅរបស់សហគមន៍ ក្នុងឃុំពុកឬស្សី ដែលអាជ្ញាធរមូលដ្ឋានហាក់ដូចជាខ្លាចអំណាចរបស់លោកអ៊ុករដ្ឋាម្ចាស់រំដៅដីនេះខ្លាំង។
បើតាមលោកប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ម្ចាស់រណ្ដៅដីនេះបានសុំច្បាប់ដល់ក្រសួងរ៉ែនិងថាមពលដែលសមត្ថកិច្ចថ្នាក់ខេត្តមិនបានពាក់ព័ន្ធនោះឡើយ។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញច្បាប់ទម្លាប់រណ្ដៅដីខាងលើនេះ ឲ្យអ្នកកាសែតបានឃើញនោះទេ។ លោកនិយាយថា គេសុំច្បាប់ដល់ក្រសួង។ ត្រង់ចំណុចអ្នកសារព័ត៌មានសុំមើលឯកសារ លោកប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាល បានរុញឲ្យអ្នកសារព័ត៌មាន ទំនាក់ទំនងផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្មដោយផ្ទាល់ទៅ។
គូបញ្ជាក់ដែរថា កាលពីឆ្នាំមុនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសពិន័យរណ្ដៅដីលោកអ៊ុក រដ្ឋា ក្នុងតម្លៃទឹកប្រាក់រហូតដល់៣ លានដុល្លារ។ ករណីនេះបានចោទជាសំណួរថា តើអាចបានដែរឬទេ? ឈ្មោះ អ៊ុក រដ្ឋា ពិតជាបានធ្វើឲ្យមហន្តរាយតាមរយៈការជីករណ្ដៅដីខុសបច្ចេកទេសស្ថិតឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនោះមែន ប៉ុន្តែប្រភពឱ្យដឹងថា លោកមានខ្នងបង្អែករឹងមាំខ្លាំងដែលមិនអាចនរណាធ្វើអ្វីបានតាម ចិត្តនោះឡើយ។ យ៉ាងណាក៏ដោយ គេរង់ចាំមើលថា តើក្រសួងសេដ្ឋកិច្ចខ្លាំងឬក៏លោកអ៊ុក រដ្ឋា ខ្លាំង?
តាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះបានអត់ដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើសច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាល ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ជាទឹកប្រាក់ចំនួន៣លានដុល្លារ។
ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រសួងសេដ្ឋកិច្ច ទុកពេលឲ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយ ផ្ទេរមរតក ហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមការងារចម្រុះគណៈកម្មាធិការបង្រ្កាបបទល្មើសការធ្វើអាជីវកម្មធនធានរ៉ែ ខេត្តកណ្តាល បានចុះត្រួតពិនិត្យការដ្ឋានរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ និងបានរកឃើញថា ការដ្ឋាននេះ បានធ្វើអាជីវកម្មលើអាជ្ញាបណ្ណដែលហួសសុពលភាព តាំងឆ្នាំ២០១៨មកម្ល៉េះ ហើយកាលណោះមេការក្រុមហ៊ុនបានប្រើបក្ខពួកបើករថយន្តមកពាំងផ្លូវក្រុមការងារថែមទៀតផង។
ក្រោយពីពិនិត្យវាស់វែងរបស់ក្រុមការងារអន្តរក្រសួង ឃើញថា ក្រុមហ៊ុនបានជីកអាចម៍ដីលក់ ដោយមិនបានបង់សួយសារចូលរដ្ឋជាង១លានម៉ែត្រត្រីគុណ ទើបក្រុមការងារ ធ្វើការគណនីនិងពិន័យទៅតាមច្បាប់។
បច្ចុប្បន្ននេះរណ្ដៅដីរបស់លោកអ៊ុក រដ្ឋា បាននិងកំពុងបង្កហានិភ័យ,សុខមាលភាព យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ។ រីឯអាជ្ញាធរមូលដ្ឋានហាក់ដូចជា មិនបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញហាក់ដូចជាត្រូវរូវជាមួយ ឈ្មួញថៅកែរណ្ដៅដីក្នុងផល ប្រយោជន៍ណាមួយ៕