(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រចំនួនបីដែលមានឈ្មោះថា អាយអេ អឺភែរឹល រោងចក្រអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក និងរោងចក្រស៊ីផេក បានចុះផ្សព្វផ្សាយពីឱកាសការងារនៅខាងមុខរោងចក្រ Y & W ដើម្បីផ្តល់ពីឱកាសការងារដល់កម្មករផ្ទាល់។ រោងចក្រទាំង៣នេះ ត្រូវការកម្មករប្រមាណ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក។
លោក សេង លីរិទ្ធា មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនIAIG I Apparel ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលបានចុះផ្សព្វផ្សាយនៅខាងមុខរោងចក្រY & Wផ្ទាល់ បានអះអាងថា រោងចក្ររបស់លោក កំពុងត្រូវការកម្លាំងពលកម្មចំនួន៤០០កន្លែងលើផ្នែកកាត់ដេរ និងផ្នែកផ្សេងៗទៀត។
សម្រាប់លោករោងចក្រ អាយអេ អឺភែរឹល នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាលុយបាយថ្ងៃត្រង់ លុយបាយក្នុង១ខែ លុយព្រីម ប្រាក់សម្រាប់ធ្វើដំណើរ លុយជំនាញ ប្រាក់រង្វាន់ និងប្រាក់ថែទាំកូនដែលជាមធ្យមកម្មករម្នាក់អាចទទួលបានប្រាក់ខែចន្លោះ៣៨៧ដុល្លារ ដល់៥៤០ដុល្លារ។
ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យកម្មករនៅរោងចក្រY & W ដែលកំពុងទន្ទឹងរង់ចាំដំណោះស្រាយឱ្យដាក់ពាក្យរកការងារឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករកម្មការិនីនៅរោងចក្រY & Wក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី៕