នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះ សិស្សានុសិស្ស មកពីបណ្ដា សាលាបឋមសិក្សាក្នុងក្រុងសៀម រាប ប្រមាណ ៣០នាក់ បានចូលរួមការប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យក្នុងពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភិវឌ្ឍ”។
លោកស្រី ឈុយ វ៉ាន់ថា អនុប្រធានការិយាល័យបឋម នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បង្ហាញថា ការប្រឡងប្រជែងអាន
អត្ថបទ និងស្មូតកំណាព្យនេះ មានសិស្សានុសិស្សចំនួន ៣០នាក់ មកពីតាមសាលាកម្រងបឋមសិក្សាក្នុងក្រុងសៀមរាប និងធ្វើការបែងចែករយៈពេល ៣ថ្ងៃ ដោយក្នុងមួយថ្ងៃ ត្រូវបានជ្រើសរើសយកជ័យលាភីចំនួន៣នាក់ ក្នុងចំណោម១០ នាក់។ ខ្លឹមសារនៃការអានអត្ថបទ ពាក់ព័ន្ធនឹងសក្ដានុពល និងអត្ថប្រយោជន៍នៃបឹងទន្លេសាប ដោយបេក្ខជនម្នាក់ៗ ត្រូវបានគណៈកម្ម ការវាយតម្លៃដាក់ពិន្ទុទៅលើឥរិយាបថ អក្ខរាវិរុទ្ធ ការលើកដាក់សំឡេង ស្របតាមក្បួនវេយ្យាករណ៍ ។ លោកស្រីបន្ដថា ការប្រឡង ប្រជែងអត្ថបទនេះ ដើម្បីជំរុញឱ្យសិស្សានុសិស្សាចូលចិត្ដអានសៀវភៅ ព្រោះមួយរយៈនេះ សិស្សានុសិស្សមិនសូវអានសៀវភៅនោះទេ ខណៈដែលបច្ចុប្បន្ននេះ ការអានរបស់សិស្សទៅលើតែប្រពន្ធឌីជីថល ។
វាមានសារ:សំខាន់ណាស់ដើម្បីជំរុញឱ្យសិស្សានុសិស្ស គាត់ចូលចិត្តក្នុងការអាន ហើយដោយសារមួយរយៈនេះសិស្សគាត់ខ្សោយការអាន យើងដឹងហើយថា ការអានមានទាំងការលើកដាក់សំឡេង មិនឱ្យស្ទួនពាក្យ ឱ្យត្រូវនឹងពាក្យ ហើយទាំងឡាយត្រូវអានឱ្យបានត្រឹមត្រូវស្របទៅតាមក្បួនវេយ្យាករណ៍ក្នុងនោះក៏មានការវាយតម្លៃឥរិយាបទនៃការអាន ហើយការអាននេះផងដែរក៏យើងផ្សាភ្ជាប់ទៅនឹងឌីជីថលផងដែរ សិស្សគាត់អត់សូវចូលចិត្តក្នុងការអានសៀវភៅផ្ទាល់ក៏យើងបានជំរុញឱ្យគាត់អាននៅក្នុងទូរស័ព្ទ និងកុំព្យូទ័រផងដែរ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យនេះ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤នេះ ដែលមានបេក្ខជនចំនួន៣០នាក់ មកពីសាលាកម្រងបឋមសិក្សាវត្ដបូព៌ សាលាកម្រងបឋមសិក្សាវត្ដចក និងសាលាកម្រងបឋមសិក្សាមុខនាគ។ ជាមួយគ្នានោះ ក្នុងរយៈពេលបីថ្ងៃ ក៏បានបើកទូលាយដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យចូលរួមអាន
អត្ថបទផងដែរ ដោយមានទាំងភាសាខ្មែរ និងភាសាបរទេស ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៧យប់ ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៨។
ព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនេះ នឹងចូលរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្ដានុពលខេត្ដសៀមរាប និងខេត្ដនៅតាមបណ្ដាដងទន្លេប្រទេសកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសំបូរបែបនៃអនុតំបន់មេគង្គ៕