អ្នកនាំពាក្យក្រសួងកសិកម្ម ទទូចដល់អ្នកបង្កើតមាតិកាកុំ​ផ្សាយព័ត៌មាន​មិនពិតនិងយកវិស័យកសិកម្មមកលេងសើច

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានទទូចដល់អ្នក​បង្កើត​មាតិកា​លើបណ្ដាញសង្គមកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹង​តម្លៃស្រូវ មិនត្រឹមត្រូវនិងបង្កើតការភាន់ច្រឡំពីសាធារណជន។
លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះឯកឧត្តម ឃឹម ហ្វីណង់ បានសរសេរថា”សូមផ្ញើរជូន​ដោយទទូច​ដល់បងប្អូន​អ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយក​វិស័យកសិកម្មមក​លេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើង​បែបចំអកថាថ្លៃស្រូវ​ត្រឹម​តែ៨០០​រៀលគឺ​ជារឿងមិនត្រឹមត្រូវ និងពិតជា​បានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែង​ដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជា​អវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង”។
ប្រតិកម្មបានកើតឡើងបន្ទាប់លើបណ្ដាញសង្គម ប៉ុន្មានថ្ងៃចុង​ក្រោយនេះមាន តិកតុក ជាដើម បានយកបទ​ចម្រៀង​ចាប៉ីដងវែង​មួយដែលកំពុងមានការចាប់អារម្មណ៍(សេកមន្ត) មកប្តូរទំនុក​ច្រៀងទាក់ទងនឹងតម្លៃស្រូវ ។ចម្រៀងចាប៉ី បែបឡែបខាយនេះ ប្តូរទំនុកដោយចម្អកនិយាយពីតម្លៃស្រូវមួយគីឡូក្រាម ៨០០រៀល​ទៅវិញ ហើយក៏ត្រូវបានចែក​រំលែក​និងយកមកច្រៀងតៗគ្នា ។
នៅថ្ងៃទី៤ ខែធ្នូនេះដែរអ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានបង្ហាញ​បច្ចុប្បន្នភាពនៃថ្លៃស្រូវនៅគ្រប់តំបន់ដែល​មានវត្តមាន​មន្ត្រីកសិកម្ម​ឃុំ​ទៅដល់។ តម្លៃគឺ ជាមធ្យមយ៉ាងហោចណាស់ក៏១០០០រៀលក្នុងមួយ​គីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់​ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀប​គ្នានោះទេ។
បើតាមឯកឧត្តម ឃឹម ហ្វីណង់ គឺ ៩០ភាគរយនៃផលិតកម្មស្រូវរបស់​កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជាOM-IR។ ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង(នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត និងអាចមានតម្លៃត្រឹមជាង៩០០​រៀល តែក៏ជាតម្លៃល្អរួចទៅហើយ ព្រោះការធ្វើស្រូវប្រភេទនេះមានថ្លៃដើម​ទាបខ្លាំង បើធៀបនឹងការធ្វើអង្ករក្រអូបឬអង្ករស ហើយក៏មិនមែនផលិតដើម្បីហេតុផលពាណិជ្ជកម្មដែរ៕