ខេត្តតាកែវ ៖ ប្រភពពីពលរដ្ឋកៀកនឹងច្រកព្រំដែនកម្ពុជា-វៀតណាម(ភ្នំដិន ខេត្តតាកែវ) បានបង្ហើបឱ្យដឹងថា ឈ្មួញវៀតណាមបាននាំចូលទំនិញគ្រប់ប្រភេទតាមរយៈឡានប្រភេទ វ៉េអងធុនធំៗជាច្រើនរយគ្រឿងក្នុងមួយថ្ងៃៗ ដឹកគ្រឿងដែក, ស្រូវ, អង្ករ, ជាពិសេសគឺដឹកម៉្សៅមី ចូលមកស្រុកខ្មែរ និងបន្តស្តុកតាមបណ្តាឃ្លាំងនានាជាច្រើននៃស្រុកគិរីវង់ ខេត្តតាកែវ ហើយបន្តចូលទៅចែកចាយក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានាតាម តម្រូវការរបស់អតិថិជន ដោយឆ្លងកាត់ច្រកទ្វារអន្តរជាតិយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែមន្ត្រីពាក់ព័ន្ធ ហាក់មិនអនុវត្តតួនាទីភារៈកិច្ច(មិនត្រួតពិនិត្យពន្ធនាំចូល និងសារធាតុគីមីចំពោះអាហារ) គឺឃើញថាឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងសេរីសន្ធឹកសន្ធាប់ ដោយមិនមានការឆែកឆេរ ឬត្រួតពិត្យរាល់មុខទំនិញ ដែលក្រុមឈ្មញដឹកជញ្ជូនឆ្លងដែនទាំងនោះ តើមានឬគ្មានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទានទាល់តែសោះ។
សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនភ្នំដិន ស្ថិតនៅក្នុង ខេត្តតាកែវ ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនភ្នំដិនយ៉ាងសន្ធឹក ដោយប្រភេទទំនិញទាំងនោះគេមិនដែលឃើញមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនភ្នំដិន នាំគ្នាឆែកឆេរ ឬត្រួតពិនិត្យសោះឡើយ ពោល! គឺហាក់បើកដៃឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនយ៉ាងគគ្រឹកគគ្រេង ដោយទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា៖ អាចបណ្តាលមកពីពាក់ព័ន្ធនឹងការឃុបឃិតប្រព្រឹត្តអំពើរពុករលួយ ទទួលផលប្រយោជន៍ណាមួយហើយ ទើបមិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋ ឬបាត់បង់ចំណូលពន្ធជូនរដ្ឋនោះ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ ពលរដ្ឋក៏ដូចជាមហាជនស្នើសុំ ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ពិសេស ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី នឹងមានវិធានការក្តៅត្រួតពិនិត្យសកម្មភាពតាមព្រំដែន ដើម្បីជៀសវាងនាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងបាត់បង់ចំណូលជាតិ ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។
ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានផ្សេងៗ 0762223227