ខេត្តសៀមរាប ៖ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន
រាជធានីខេត្ត និង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ទៀ សីហា អបអរសាទរ និងស្វាគមន៍បងប្អូនសមាជិក សមាជិកា ទាំង៨១៦នាក់ ដែលបានសម្រេចចិត្ត និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ នេះពិតជាបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រីកសមាជិកបក្ស ទាំងបរិមាណ និងគុណភាពឈរលើគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ដែលជាកម្លាំងដ៏រឹងមាំរបស់គណបក្សក្នុងការធានាបានប្រៀបខ្លាំង ប្រៀបឈ្នះរបស់គណបក្ស និងរក្សាបាននូវនិរន្តភាព ចំពោះការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។