ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការនី ចំណុះទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី១ នៅទន្លេ វ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមកីឡាករទាំងអស់ត្រូវយកចិតទុកដាក់បញ្ចេញនូវទេពកោសល្យ និងសមត្ថភាព និងរួមសាមគ្គីគ្នាក្នុងការប្រកួតដើម្បីដណ្តើមយកជ័យជម្នះ ដល់ក្រុមរបស់ខ្លួននិងខេត្ត និងត្រូវចេះថែទាំសុខភាពឱ្យបានល្អ និងត្រូវចេះរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។
ឯកឧត្តមអភិបាលបាន ជំរុញ និងណែនាំដល់ កីឡាករ-កីឡាការិនីទាំងអស់ត្រូវ គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះ បង្អាប់ ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហឹង្សា ដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។ កត្តាដែលកីឡាករ -កីឡាករិនីគប្បីយកចិត្តទុកដាក់បំផុតនោះ គឺត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច មានម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ និងបរិស្ថាន កន្លែងស្នាក់នៅ រក្សាសេចក្តីថ្លៃថ្នូរ មានអាកប្បកិរិយា និងសុភាពរាបសារ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាល បានផ្តាំផ្ញើដល់គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំដឹកនាំកីឡាករ-កីឡាការិនីអុំទូកទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ឈ្នះឬចាញ់សូមទទួលយកដោយក្តីរីករាយ ព្រោះការប្រកួតតែងមានឈ្នះ មានចាញ់ជារឿងធម្មតា អ្វីដែលសំខាន់នោះ គឺបង្កបរិយាកាសសប្បាយរីករាយ ជូនដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមទស្សនា មកពីគ្រប់ទិសទី។
សូមបញ្ជាក់ថា ខេត្តកណ្ដាលគ្រោងបញ្ជូនកីឡាករ-កីឡាការិនីជាង ៤៤នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយក្នុងនោះទូកបុរសចំនួន ២ទូក និងនារីចំនួន ២ទូក។