ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ កណ្តាលហតញូស៍ សម្តែងនូវការសោកស្តាយ និងទទួលស្គាល់កំហុសខុសឆ្គងចំពោះការចេញផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលបានចេញផ្សាយកន្លងមកនូវព័ត៌មាននាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “វាសនាព្រៃកោងការកំពុងរងការគំរាមកំហែង ក្រោមការគ្រប់គ្រងរបស់លោក ឆាង ឆៃ ជាអភិបាលស្រុកដំណាក់ចង្អើរ” បានធ្វើឱ្យមានការភ័ណ្ឌច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាមន្រ្តីមូលដ្ឋានគឺ លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប។
យោងតាមកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត បានបង្ហាញពីឯកសារពាក់ព័ន្ធនឹង ដីធ្លីខាងលើនេះ គេហទំព័រកណ្តាលហតញូស៍ សូមបញ្ជាក់ថា ទីតាំងដីដែលបានចេញផ្សាយនៅស្រុកដំណាក់ចង្អើរ ខេត្តកែបនេះពិតជាមានឯកសារយោងពាក់ព័ន្ធនឹងដីធ្លីនេះពិតប្រាកដមែន មិនមែនជាការកាប់ចាក់ដីទន្ទ្រានយកព្រៃកោងកាងដោយខុសច្បាប់ ដូចដែលខ្ញុំបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នោះទេ ។
ដោយហេតុថាកន្លងមក អង្គភាពបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងការចាក់ដីលើព្រៃកោងកាង នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មិនមានមូលដ្ឋានច្បាស់លាស់ និងមិនមានតុល្យភាព នាំឱ្យសាធារណជនមានការសង្ស័យដោយអយុត្តិធម៌លើមន្ត្រីសាធារណៈ ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយប្រភពព័ត៌មាន ធ្វើឱ្យសាធារណមតិមានការយល់ច្រឡំលើការអនុវត្តតួនាទី ភារៈកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈ គឺជាកំហុសខុសឆ្គងមួយដ៏ធំ ផ្ទុយពីមាត្រា៧ ចំណុច១១ ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ អង្គភាពគេហទំព័រ កណ្តាលហតញូស៍ សូមសុំទោសជាសាធារណៈចំពោះការចុះផ្សាយអត្ថបទដែលធ្វើឱ្យសាធារណមតិយល់ច្រឡំ ចំពោះលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប និងជម្រាបជូនសារធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។